Monday, June 30 2025

តើបាតុភូតចិត្ត ចែកជាប៉ុន្មានប្រភេទ?


គេចែកបាតុភូតចិត្តជាបីប្រភេទគឺ
១. លំនាំចិត្ត (Mental Processes): គឺជាបាតុភូតទាំងឡាយណា ដែលប្រព្រឹត្តទៅក្នុងរយៈពេលមួយខ្លី វាមានការចាប់ផ្តើម ការប្រព្រឹត្តទៅ និងការបញ្ចប់។ លំនាំជាមូលដ្ឋានគឺៈ
  • លំនាំពុទ្ធិៈ ដូចជា ឥន្រ្ទីយារម្មណ៍ ប្រត្យក្សារម្មណ៍ លំនឹក ការគិត ភាសា រូបារម្មណ៍ដែលបង្កើតបានជាជីវិតពុទ្ធិរបស់មនុស្ស។
  • លំនាំសញ្ចេតនាៈ ដូចជាចិត្តរំភើប និងសញ្ចេតនា ដែលបង្កើតបានជាជីវិតសញ្ចេតនារបស់មនុស្ស។
  • លំនាំឆន្ទៈ និងអំពើ ដែលបង្កើតបាជា ជីវិតឆន្ទៈរបស់មនុស្ស។
គឺនៅក្នុងទិដ្ឋភាពទាំងបីនេះហើយ ដែលស្តែងចេញនូវសកម្មភាពចិត្តរបស់មនុស្ស។
២. សភាពចិត្ត (Mental States): គឺជាបាតុភូតចិត្ត ដែលប្រព្រឹត្តទៅអស់រយៈពេលយូរបន្តិច។ ជាធម្មតា សភាពចិត្តដើរតាមលំនាំចិត្ត ដទៃទៀត ដោយយកលំនាំចិត្តទាំងនោះធ្វើជាបង្អែក។
៣.​ លក្ខណៈចិត្ត (Mental traits): គឺជាបាតុភូតចិត្តទាំងឡាយ​ ដែលប្រព្រឹត្តទៅអស់រយៈពេលយ៉ាងវែង ជួនកាលរហូតអស់មួយជីវិត ហើយមានសភាពនឹងនរ ចំពោះបុគ្គលមួយជាក់លាក់។


ចិត្តវិទ្យា ជាវិទ្យាសាស្រ្ត

ចិត្តវិទ្យាជាវិទ្យាសាស្រ្តព្រោះ ចិត្តវិទ្យាមានកម្មវត្ថុសិក្សាច្បាស់លាស់ មានវិធីសាស្រ្តសិក្សាជាក់លាក់ និងនាំមកនូវផលប្រយោជន៍ដល់សង្គមមនុស្ស។
កម្មវត្ថុសិក្សានៃចិត្តវិទ្យា
កម្មវិត្ថុសិក្សានៃចិត្តវិទ្យា​ គឺបាតុភូតចិត្តរបស់មនុស្ស។
បាតុភូតចិត្ត
បាតុភូតចិត្ត គឺជាបាតុភូតទាំងឡាយណាដែលប្រព្រឹត្តទៅនៅក្នុងខួរក្បាលរបស់មនុស្ស និងសំដែងចេញមកក្រៅតាមរយៈ អំពើ និងអាកប្បកិរិយា (កាយវិការ ទឹកមុខ ពាក្យសំដី…)
ឧទាហរណ៍ៈ បុគ្គល សប្បាយរីករាយ មានទឹកមុខញញឹម
បុគ្គល ជាមនុស្សកាច មានកាយវិការច្រងេងច្រងាង
        បាតុភូតចិត្ត មានលក្ខណៈខុសប្លែកពីបាតុភូតដទៃទៀត ដូចជាៈ
  • បាតុភូតរូប ឧទាហរណ៍    ព្រះអាទិត្យបំភ្លឺផែនដី          ទឹកដាំយូរអស់
  • បាតុភូតគីមី ឧទាហរណ៍    បាយទុកយូរដុះផ្សិត
  • បាតុភូតជីវ ឧទាហរណ៍    ត្រីស្រង់ចេញពីទឹក វាងាប់
  • បាតុភូតអគ្គីសនី ឧទាហរណ៍    រន្ទះបាញ់ពេលមានភ្លៀង

No comments:

Powered by Blogger.